យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូបឈ្មោះ ម៉ោក ណា ភេទប្រុស អាយុ ២២ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូ អំពីសកម្មភាពប្រើប្រាស់គ្រឿងញៀននៅលើបណ្ដាញសង្គម តិកតុក និង ហ្វេសប៊ុក។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឈ្មោះ ម៉ោក ណា បានបង្ហោះវីដេអូម្ដងរួចមកហើយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរក្សជ័យ បានហៅឈ្មោះ ម៉ោក ណា មកធ្វើការណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឍប់សកម្មភាពដែលខ្លួនបានធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ក្រោយមកនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បុគ្គលនេះក៏បានធ្វើការបង្ហោះវីដេអូអំពីសកម្មភាពប្រើប្រាស់គ្រឿងញៀនម្ដងទៀត ពេលទទួលបានពត៌មានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានធ្វើការឃាត់ខ្លួនបុគ្គលនេះមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានកសាងសំណុំរឿងបញ្ជូនបុគ្គលខាងលើទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន សូមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ជាផលវិជ្ជមាន និងសូមជៀសអោយផុតពីការប្រើប្រាស់ និងការបង្ហោះផ្សព្វផ្សាយការប្រើប្រាស់គ្រឿងញៀនតាមបណ្តាញទំនាក់ទំនងសង្គម។

ក្នុងករណី ទទួលបានពត៌មានពាក់ព័ន្ធការគ្រឿងញៀន សូមមេត្តាចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា តាមរយៈលេខ Hotline ៦៧០ (ខលមិនគិតកម្រៃ) និង 093 456 888 / 011 24 8888 ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាបទាន់ពេលវេលា៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed