សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរខួប ២១ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (១៣ តុលា ២០០៤ – ១៣ តុលា ២០២៥) ។ ការអបអរសាទរខួប ២១ឆ្នាំ នេះតាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥នេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការចរចាដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស។

សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ដោយកម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជា នូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀតជាដើម។

កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ដែលកម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួន ដូចជា សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវ និងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។

សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជា នូវសំឡេងមួយក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed