(ភ្នំពេញ) ៖ ករណីបាញ់ប្រហារលើបុរសម្នាក់ បណ្តាលឱ្យរបួសធ្ងន់ នៅខាងកើតវិទ្យាល័យច្បារអំពៅ កាលពីទាបភ្លឺថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ គឺសមត្ថកិច្ចបានចាប់ខ្លួនអ្នកស៊ីឈ្នួលបាញ់ប្រហារចំនួន ២នាក់ និងអ្នកបញ្ជាឱ្យបាញ់ម្នាក់ សរុបចំនួន ០៣នាក់។ ឃាតករបានទទួលលុយចំនួន ២,៣០០ដុល្លារ ក្នុងការបាញ់ប្រហារលើជនរងគ្រោះ។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖៥០នាទី មានករណីប៉ុនប៉ងឃាតកម្មកើតឡើង នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញ ឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អួង សំណាង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល ២,៣០០ដុល្លារ។

ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួនឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី។ ដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី ០១ដើម ម៉ាក K59។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed