(កោះកុង) ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រែកកោះយ៉ នៃវរៈនគរបាលការពារព្រំដែនទឹកលេខ២៦៩ ខេត្តកោះកុង នៅវេលាម៉ោង ៣ជិតភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ បានឃាត់ទូកដឹកសាច់បង្កកមកពីប្រទេសថៃតាមផ្លូវទឹកចូលខេត្តកោះកុង ដោយរឹបអូសបានសាច់បង្កកជិត ១តោន ដូចជាជង្គង់មាន់ ស្លាបមាន់ ក្ដាម និងបានយកទៅដុតកម្ទេចចោល។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា ក្រៅពីសាច់បង្កក សមត្ថកិច្ចក៏បានរកឃើញទំនិញផ្សេងទៀត ដូចជាក្ដាមសកនៅរស់ជាច្រើន ហើយក៏ត្រូវបានលែងនៅពាមក្រសោបវិញ។ ចំណែកទំនិញស្ងួតដូចជាកាហ្វេ ថ្នាំលាបផ្ទះ ទឹកអាស៊ីត ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ការបង្ក្រាបទូកលួចដឹកផលិតផលខុសច្បាប់ពីប្រទេសថៃចូលទឹកដីខេត្តកោះកុងនេះជាលើកទី៣។ សមត្ថកិច្ចនៅតែបន្តបង្កើនការតាមដានមុខសញ្ញាបន្ថែមទៀត ដើម្បីបន្តអនុវត្តតាមច្បាប់ ក៏ដូចជាការដាក់បទបញ្ញាពីសម្ដេចតេជោហ៊ុន សែន ឱ្យបង្ក្រាបឈ្មួញ និងមន្ត្រីខិលខូច ដែលបានលួចលាក់នាំយកទំនិញពីប្រទេសថៃ៕