(ភ្នំពេញ) ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួន ស្ថិតនៅបុរី ម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានអញ្ជើញមនុស្សចំនួន ០៤នាក់ ពាក់ព័ន្ធក្នុងករណីខាងលើ មកធ្វើការសាកសួរ រួមមាន៖
*ទី១៖ ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ
*ទី២៖ ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ
*ទី៣៖ ឈ្មោះ សឿន ណាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ
*ទី៤៖ ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យខាងលើ បានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពក្លែងឯកសារ ផ្ទះលេខ៣៨ ផ្លូវលេខ២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីតប្រព័ន្ធទឹកភ្លើង និងបានឱ្យបក្ខពួកចូលស្នាក់នៅប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕

