នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវបានទាហានឈុតខ្មៅរបស់ថៃរំលោភបំពានលើរាងកាយ។
ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលដែលស្ត្រីរងគ្រោះ (អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ) និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងពេលនោះក្រុមទាហានឈុតខ្មៅថៃប្រមាណ ៧នាក់ បានចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើ ពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះ ព្រមទាំងជំរិតទារប្រាក់ និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម សុខ លូ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។
ឯកឧត្តមអភិបាលខេត្តក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ាំនិងបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារ ឱ្យមានស្មារតីរឹងមាំឡើងវិញ។
ឯកឧត្តមក៏បានបន្តមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃនេះ។
ក្រុមគ្រួសារជនរងគ្រោះបានបង្ហាញភាពកក់ក្ដៅនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្ដល់ការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕

