(បាត់ដំបង) ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ នៅថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ លោក​វរ​សេនីយ៍ឯក​ សេង​ ​លុច​ អធិការ​នគរបាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងចុះធ្វើការបង្រ្កាប ឃាត់ខ្លួនយុវជនមួយក្រុមមានគ្នាចំនួន ០៥នាក់។

លោកអធិការ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមយុវជនទាំង ០៥នាក់នេះ ធ្វើឡើងបន្ទាប់ពីពួកគេបានធ្វើសកម្មភាព​ដោយប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះជាយុវជនម្នាក់ បណ្តាលឱ្យរងរបួសដៃ​ កាល​ពី​ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ​២០២​៥ នៅចំណុចក្រុមទី​៣៣ ស្ថិតក្នុងភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយត្រូវបាននាំទៅសង្រ្គោះ​នៅមន្ទីរពេទ្យ​ភ្លាមៗផងដែរ។

ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា មូលហេតុដែលនាំទៅដល់ការបង្កហិង្សា បណ្តាលឱ្យរងរបួសបែបនេះ​គឺដោយសារពេលកន្លងមកពួកគេធ្លាប់មានទំនាស់ដោយពាក្យសម្ដីជាមួយជនរងគ្រោះ ទើបពេលនេះពួកគេធ្វើសកម្មភាពបែបនេះឡើង។

បច្ចុប្បន្នក្រុមយុវជនទាំង ០៥នាក់ រួមជាមួយវត្ថុតាង កាំបិតកញ្ចែតផ្លែដែកដងឈើ ០១ដើម និងកាំបិតកែច្នៃ ០៣ដើម ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កំពុងរៀបចំបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed