ដោយមានការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ LONG JUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នខុនដូរ Le Condo បន្ទប់១០០១ ជានទី១០ ផ្លូវ៥៧កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈកាលស្រាវជ្រាវតាមជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលទាំង ១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ខេត្តតាកែវ, ខេត្តកំពត, សៀមរាប និងខេត្តព្រះសីហនុ រហូតស្វែងរកជនសង្ស័យដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 0៨នាក់ រួមមាន៖
១-ឈ្មោះ ហ៊ុំ សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ
២-ឈ្មោះ ខឿន រុន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅស្រុកស្នួល ខេត្តក្រចេះ
៣-ឈ្មោះ ណុន ស៊ីតុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
៤-ឈ្មោះ ហ៊ុំ វិរៈ ហៅ វុទ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត
៥-ឈ្មោះ ហ៊ុំ សុភ័ក្រ្ត ហៅ យ៉ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ រាជធានីភ្នំពេញ
៦-ឈ្មោះ ជា សុខលី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
៧-ឈ្មោះ មុន វិចិត្រចិន្ដា ហៅ ចិន្ដា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តឱ្យចិន ទីលំនៅស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៨-ឈ្មោះ ឡែម លាភ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិក លក់ដីឡូតិ៍ ទីលំនៅផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យ រួមមាន៖ រថយន្តម៉ាកព្រូស ពណ៌ស ផ្លាកលេខ កំពត 2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BQ-8101, កាំភ្លើង ០៤ដើម, អាវុធខ្លីម៉ាក GLOCK19GEN4, អាវុធខ្លីម៉ាក GLOCK19kuiEX, អាវុធខ្លីម៉ាក SIGSAUER, អាវុធខ្លីម៉ាក SPRINGFIELDARMORY, ទូរស័ព្ទចំនួន ០៦គ្រឿង, គ្រាប់ចំនួន ៣៨គ្រាប់, ខ្នោះដៃចំនួន ០៧, សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន ០៤កំប្លេ, កាតកងរាជអាវុធហត្ថចំនួន ០២សន្លឹក (COPY), កាបូបស្ពាយចំនួន ០១។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៨នាក់ខាងលើថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ចំនួន ០៦លើក ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង 0៨នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed