កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាអ្នកដុតបំផ្លាញផ្ទះម្ដាយបង្កើតខ្លួនឯង បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើង ខណៈប្ដីរបស់ជនរងរបួសធ្ងន់ ដល់ស្រុកកោះធំ ខេត្តកណ្ដាល។

ជនដៃដល់បាននិងកំពុងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តនិតិវិច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រាប់នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បញ្ជាក់ថា ជនដៃដល់ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ តាមការបញ្ជាក់ពីលោកអធិការខណ្ឌ កាលពីយប់ថ្ងៃទី២១​វិច្ឆិកាយប់មិញនេះ ជនដៃដល់បានដុតបំផ្លាញផ្ទះម្ដាយខ្លួននឯងបណ្ដាលឱ្យឆេះរាលដាលអស់ផ្ទះជាច្រើនខ្នងនៅសង្កាត់ជើងឯក ខណ្ឌដង្កោ និងបណ្ដាលឱ្យអ៊ំស្រីបង្កើតម្នាក់ស្លាប់ និងប្ដីស្ត្រីរងគ្រោះរងរបួសធ្ងន់។

គួររំលឹកថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ មានករណីអគ្គិភ័យមួយបានកើតឡើងឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យខូចខាតផ្ទះប្រក់ស័ង្កសីជាច្រើនខ្នង។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មួយប្រុសដែលមានសតិមិនគ្រប់មានការឈ្លោះប្រកែកគ្នាជាមួយម្តាយបង្កើត និងអ៊ំស្រី។ លុះមួយសន្ទុះក្រោយមកកកើតទៅជាមានផ្សែងហុយខ្មួលខ្មាញ់លាយលំអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធសន្ធៅតែម្ដង៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed