(កំពង់ឆ្នាំង)៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា លោកនឹងបង្ក្រាបបទល្មើសសម្រាស់ និងរបាំងបិទភ្ជិតព្រែក រួមនិងអនុវត្តវិធានការច្បាប់អោយបានម៉ឺងម៉ាត់ ចំពោះជនណាដែលហ៊ានបង្កើតបទល្មើសទាំងនេះ ទោះជាមន្ត្រីក៏ដោយ ព្រោះថាបទល្មើសសម្រាស់បានបំផ្លាញធនធានធម្មជាតិយ៉ាងច្រើន និងប៉ះពាល់ដល់ជីវិតរស់នៅមនុស្សសត្វ។
លោក ងិន ហ៊ុន បានបន្តថា គោរពយ៉ាងម៉ឺងម៉ាត់ពីបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, រួមនិងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២៥នេះ លោកនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់តែម្តង ចំពោះជនណាក៏ដោយដែលហ៊ានប្រព្រឹត្តទង្វើល្មើសច្បាប់ពាក់ព័ន្ធនឹងបទល្មើសសម្រាស់ និងបទល្មើសរបាំងបិទភ្ជិតព្រែក ព្រោះកម្លាំងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត និងកម្លាំងកងទ័ពជាច្រើន បាន និងកំពុងបង្ក្រាបបទល្មើសជារៀងរាល់ថ្ងៃ មិនបណ្តោយអោយកើតមានបទល្មើសដាក់សម្រាស់នេះទៀតឡើយ។
លោកបានអំពាវនាវដល់ប្រជានេសាទ ត្រូវចូលរួមគោរពច្បាប់ ជួយថែរក្សាព្រៃលិចទឹកអោយបានល្អដោយកុំនាំគ្នាដាក់សម្រាស់ និងជួយថែរក្សាធនធានត្រីទឹកសាបអោយនៅគង់វង្សតកូនចៅ ព្រោះបទល្មើសដាក់សម្រាស់ គឺជាបទល្មើសមួយដែលបំផ្លាញធ្ងន់ធ្ងរដល់ព្រៃលិចទឹក បំផ្លាញទីជម្រកត្រីពងកូន បង្វែរចរន្តទឹកហូរ និងធ្វើអោយទន្លេគោករាក់ និងបាត់បង់របាំងការពារខ្សល់ បំណាក់ដី៕

