(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង ១៨៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ជាបន្តបន្ទាប់ ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កឹះសោបន្ទប់ជួលលួចប្រាក់ចំនួន ៣០.០០០ដុល្លារ បីម៉ឺនដុល្លារអាមេរិច)នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទីទាបភ្លឺ។

ការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់នោះ ដោយសមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចផ្លូវK5 ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ និងជនសង្ស័យចំនួន ០២នាក់ ក្នុងនោះស្រី ០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំង ០៣នាក់ រួមមាន៖
១-ឈ្មោះ ឆោម ទិត្យរង្សី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ មុខមិនពិតប្រាកដ ផ្ទះលេខF១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)
២-ឈ្មោះ យឹម ស្រីប៉ុច ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ០១ លើក
៣-ឈ្មោះ អាន វិនា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្លាប់ជាប់ពន្ធនាគារ ០១លើក។ ចំណែកជនរងគ្រោះឈ្មោះ អេង លាងហៀង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរបុគ្គលិកហាង។

សម្ភារៈដកហូត រួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1MB5101
-ទូរសព្ទចំនួន ០៣គ្រឿង
-លោហៈធាតុខ្សែក ប្រវែង ៥៥សង់ទីម៉ែត្រ ចំនួន ០១ខ្សែ មានបន្តោងរូបយុទ្ធនាការ
-លោហៈធាតុប្រភេទខ្សែដៃ ប្រវែង ១៨សង់ទីម៉ែត្រ
-លោហ:ធាតុប្រភេទចិញ្ចៀន ០១វង់
-ប្រាក់ចំនួន ២១០០$ (ដុល្លារអាមេរិក)
-ប្រាក់ចំនួន ១០២៤០០០យេន (ជប៉ុន)

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed