កំពង់ចាម÷ ដើម្បីរួមចំណែកជួយទ្រទ្រង់ កងទ័ពដែលកំពុងប្រយុទ្ធតបតជាមួយខ្មាំងសត្រូវឈ្លានពានមកលើដែនដីកម្ពុជា និងក្នុងស្មារតីខ្មែរតែមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអំពាវនាវដល់សាធារណៈជនជួយផ្គត់ផ្គង់ គ្រឿងទេស និងប្រែងឆា ដែលកងទ័ពត្រូវការជាការចាំបាច់ ដើម្បីធ្វើម្ហូប អាហារ ជូនវីរ:ជនកងទ័ពរបស់យើង។ ឯកឧត្តម មានប្រសាសន៍បែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា នៅចំពោះមុខនេះ រដ្ឋបាលខេត្តបានរៀបចំអ៊ុំបុក សាច់ផាត់ ត្រីងៀត ត្រីខ និងស្បៀងអាហារបានជាច្រើន ក្នុងនោះ យើងជាទ័ពជួរក្រោយ ដើម្បីជួយផ្តល់កម្លាំងចិត្ត ទ្រទ្រង់ស្បៀងអាហារ ដល់កងទ័ពជួរមុខ កំពុងត្រូវការ ប៊ីចេង អំបិល ស្ករសរ និងប្រែងឆា ដែលនេះ កងទ័ពរបស់យើងកំពុងត្រូវជាបន្ទាន់ ដូច្នេះ សុំបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ចូលរួមជាមួយ រដ្ឋបាលខេត្តកំពង់ចាម ឧបត្ថម្ភ តាមសទ្ធាជ្រះថ្លា តាមរៀងៗខ្លួន។

ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលខេត្ត សហការជាមួយម្ចាស់ផ្សារក្នុងក្រុងកំពង់ចាម ដើររៃអង្គាស ពីបងប្អូនអាជីវករ ដែលពួកគាត់មានបំណង ចង់ចូលរួមអាចចូលចាប់ផ្តើមតាំងពីថ្ងៃតទៅ មួយវិញទៀតបើសិនបងប្អូនមិនមាន វេលាគ្រប់គ្រាន់ អាចចូលរួមតាមរយៈ QR code របស់រដ្ឋបាលបានដែរ។ ឯកឧត្តម បានបន្ថែមថា ការជួយរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ មានសារៈសំខាន់ ដើម្បីផ្តល់កម្លាំងចិត្ត និងជួយផ្គត់ផ្គង់ ស្បៀងអាហារជូនដល់កងទ័ពជួររបស់យើងដែលកំពុងប្រយុទ្ធជាមួយខ្មាំងឈ្លានពាន។


Leave a Reply

Your email address will not be published. Required fields are marked *

You missed