(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម  មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, Mr. Oliver Van Parys, អនុប្រធានជាន់ខ្ពស់ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី និងនាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ប្រចាំប្រទេសកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ជាក្រុមហ៊ុនមួយដែលតួនាទីយ៉ាងសំខាន់ក្នុងវិស័យថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានវត្តមាននៅលើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដោយបានបន្តអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការបង្កើតបណ្តាញស្ថានីយ៍ប្រេងទំនើបជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា ជាពិសេសផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ ស្តង់ដាអន្តរជាតិ ដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងរំអិល ប្រេងអាកាសចរណ៍ ជាដើម។ លើសពីនេះ ក្រុមហ៊ុននេះ គឺជាដៃគូដ៏សំខាន់មួយក្នុងការគាំទ្រសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា ដែលមានប្រព័ន្ធថាមពលប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តរភាព។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា តាមរយៈសេវាកម្មដ៍សំបូរបែប និងការដាក់លក់ផលិតផលខ្មែរ នៅតាមស្ថានីយ៍ គឺជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងបានហ្នឹងឆ្លុះបញ្ចាំងពីការគាំទ្រការប្រើប្រាស់ផលិតផលខ្មែរ របស់ក្រុមហ៊ុនតូតាល់អេនើជី។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់ក្រុមហ៊ុនតូតាល់អេនើជី ឱ្យបន្ថែមការដាក់លក់ផលិតផលខ្មែរនៅតាមហាងនៃស្ថានីយ៍របស់ខ្លួន នៅគ្រប់ទីតាំងក្នុងប្រទេសកម្ពុជា ផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed