បុរស​ម្នាក់ ផឹក​ស្រា​ស្រវឹង ខណៈ​មក​ផ្ទះ​ក៏​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ រហូត​ឈាន​ទៅ​ដល់​ប្រើ​ហិង្សា​យក​ដំបង​ដែក​វាយ​ជនរងគ្រោះ​ស្លាប់ បន្ទាប់មក​បាន​សម្រេច​ចិត្ត​ចូល​ខ្លួន​សារភាព​ប្រាប់​សមត្ថកិច្ច។

ហេតុការណ៍​ដ៏​សាហាវ​នេះ​ បាន​កើត​ឡើង ​កាលពី​វេលា​ម៉ោង ២១៖៣០នាទី​យប់ ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០២៥ ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ភិន រ៉ា ភេទ​ប្រុស អាយុ ៤១ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវ​ជា​ប្ដី​របស់​ជនរងគ្រោះ​ឈ្មោះ ហៀង យ៉ាត ភេទ​ស្រី អាយុ ៣៧ឆ្នាំ។ ជនសង្ស័យ គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទេ។ ចំណែក​វត្ថុតាង​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព គឺដំបង​ដែក​ទីប​មួយ​កំណាត់​ដែល​ជនសង្ស័យ​បាន​បោះចោល​ក្នុង​ព្រៃ​ក្បែរ​ភូមិ។

លោក​អធិការ បាន​ឱ្យ​ដឹង​ទៀតថា មុន​ពេល​កើតហេតុ ជនសង្ស័យបាន​ចេញ​ទៅ​ផឹក​ស្រា​ជាមួយ​បងប្អូន។ លុះ​ដល់​ម៉ោង ៦៖០០នាទី​ល្ងាច ជនសង្ស័យបាន​ត្រឡប់​មក​ដល់​ផ្ទះ តែ​មិន​ឃើញ​ប្រពន្ធ។ ជនសង្ស័យក៏បាន​ដើរ​រក ហើយ​ឃើញ​ប្រពន្ធ​ខ្លួន​កំពុង​ផឹក​ស្រា​នៅ​ផ្ទះ​មិត្តភ័ក្ដិ ពេលនោះជនសង្ស័យក៏បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ និង​វាយ​នាង​បន្តិចបន្តួច ហើយ​ជនរងគ្រោះ​បាន​រត់​មក​ផ្ទះ​ដោយ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់។ នៅ​ពេល​ជនសង្ស័យ​មក​ដល់​ផ្ទះ​វិញ គាត់​បាន​សួរ​កូន ប៉ុន្តែ​កូន​បាន​ឆ្លើយ​ថា មិន​ឃើញ​ម្ដាយ ហើយ​ដើរ​ចេញ​បាត់​ទៅ។ រហូត​ដល់​ម៉ោង​កើតហេតុ ជនសង្ស័យ​រក​ប្រពន្ធ​ឃើញ ក៏​យក​ដំបង​ដែក​ទីប​វាយ​នាង​ជា​ច្រើន​ដំបង​ស្លាប់​ភ្លាមៗ នៅ​ក្រោម​សំយាប​ផ្ទះបាយ។ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យបាន​គេច​ខ្លួន​មួយ​សន្ទុះ ដោយ​យក​ដំបង​ទីប​បោះចោល​ក្នុង​ព្រៃ រួច​ក៏​ដើរ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​លើ ដើម្បី​ប្រគល់​ខ្លួនឱ្យ​សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី។

តាម​ការ​ពិនិត្យ​សាកសព​ដោយ​កម្លាំង​ជំនាញ​កោសល្យវិច័យ និង​ក្រុម​គ្រូពេទ្យ សព​មាន​ស្នាម​បែក​នៅ​ក្បាល​ចំនួន ០៣កន្លែង និង​ស្នាម​ជាំ​នៅក កែង​ស្មា និង​កែងដៃ ក្រៅពី​នេះពុំ​មាន​ស្លាកស្នាម​អ្វី​ទៀត​ទេ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យបាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ប្រាកដ​មែន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី នៃ​ច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed