រាជរដ្ឋាភិបាលបានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅភ្នំពេញ ។នេះបើយោងតាមសារាចររាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។

តាមរយៈសារាចរ បានបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលដែលមានប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងជាសាក្សី សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ ដោយមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេស អាស៊ានជាអ្នកសង្កេតការណ៍។

ក្នុងស្មារតីនេះ និងដោយសាររាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប៉ុន្តែការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣(បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល។

សម្តេចបវរធិបតីក៏បានណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូនប្រជាពលរដ្ឋភៀសសឹកនៅតាម មូលដ្ឋានរៀងៗខ្លួន។ សំរាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីផ្សព្វផ្សាយ ឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។ រីឯក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងនិងជំរុញសេដ្ឋកិច្ច មូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិង ធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានាដែលរាំងស្ទះដល់ សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និងវិនិយោគ។

សម្តេចបវរធិបតីក៏បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ជាពិសេសគ្រោះទឹកជំនន់ ក៏ដូចជាការត្រៀមរៀបចំទីទួលសុវត្ថិភាព ជម្រក ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ។ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed