បុរសជាសន្តិសុខម្នាក់ ខណៈពេលកំពុងឈរហាលខោអាវដែលទើបបោកគក់រួច ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មុខបន្ទប់ជួលកំពុងរស់នៅ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រាល់ដងនៅពេលជនរងគ្រោះមកពីធ្វើការវិញ តែងតែបោកសម្លៀកបំពាក់រួច ទើបទៅសម្រាក ដោយសារគាត់ជាសន្តិសុខយាមពេលយប់ ដូច្នេះហើយទើបឆ្លៀតពេលបោកសម្លៀកបំពាក់។
ប្រភពខាងលើដដែល បន្តថា នៅវេលាម៉ោងប្រមាណ ៥៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកញ្ញានេះ គាត់កំពុងតែរៀបចំបើកតូបលក់ដូរ ពេលនោះក៏មានអ្នកស្នាក់នៅផ្ទះជួលក្បែរនោះមកប្រាប់ថា ជនរងគ្រោះឆក់ខ្សែភ្លើងស្លាប់បាត់ហើយ រួចគាត់ក៏រត់ទៅមើល និងបិទកុងទ័រភ្លើង។ ភ្លាមៗនោះ អ្នកនៅក្បែរខាងបានព្យាយាមជួយសង្គ្រោះ និងទាក់ទងហៅរថយន្តរបស់មន្ទីរពេទ្យមកជួយ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ គាត់ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យចុះមកអន្តរាគមន៍នៅនឹងទីតាំងកើតហេតុភ្លាមៗ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉េប វាស្នា ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ-ឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលពិនិត្យរួច សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។ ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

