(កំពង់ស្ពឺ) ៖ ជនសង្ស័យម្នាក់ មិនមែនមានវិបត្ដិអីទេតែសាហាវហួស បានយកដែកជ្រុងមួយកំណាត់ធ្វើការគប់ទៅលើរថយន្ដអ្នកដំណើរ ចំកញ្ចក់ផ្នែកខាងមុខ កាលពីវេលាម៉ោង ២២៖០០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូនមកសមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
តាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ករណីគប់កញ្ចក់រថយន្ត ម្ចាស់រថយន្ដបានបើករថយន្ត ០១គ្រឿង ម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ០៧.២-៥៥៥៦ ធ្វើដំណើរពីរនាក់ប្រពន្ធឈ្មោះ មាស សុភត្រ្តា អាយុ ៣៣ឆ្នាំ អាសយដ្ឋានផ្ទះភ្នំពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះមកដល់គីឡូម៉ែត្រ ៤១-៤២ ស្ថិតក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អើល និងការភ័យរន្ធត់កើតឡើង ដោយមានបុរសម្នាក់ ជិះកង់ ០១គ្រឿង ធ្វើដំណើរពីកើតទៅលិច បញ្រ្ចាសទិសគ្នា រួចបានយកដែកជ្រុងមួយគប់មកលើរថយន្ដ ត្រូវកញ្ចក់រថយន្ដផ្ទាំងមុខ ផ្នែកខាងស្តាំ បណ្ដាលឱ្យបែកប្រេះស្រាំ។
ឃើញហេតុការណ៍នេះ ម្ចាស់រថយន្តបានឈប់ចុះទៅសួរនាំរកខុសត្រូវ ស្រាប់តែឈ្មោះខាងលើ បានធ្វើការវាយមកលើម្ចាស់រថយន្ដ បណ្ដាលឱ្យរងរបួសចំផ្ទៃមុខ និងចំក្បាល ក្រោយហេតុការណ៍ខាងលើបានអ្នកដំណើរនាំគ្នាចុះជួយអន្ដរាគមន៍ឃាត់ និងប្រគល់ជូនមកសមត្ថកិច្ចមូលដ្ឋាន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបំពេញនីតិវិធី ព្រមទាំងដកហូតបានដែកជ្រុងមួយកំណាត់គប់កញ្ចក់រថយន្ត និងកង់ ០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្ដសកម្មភាពវាយ និងគប់រថយន្ដខាងលើប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចំណាត់ការតាមនីតិវិធី៕





