(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ ចាប់ភ្លាមៗ ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្ដាលឱ្យរងរបួសដៃ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចបណ្ដោយផ្លូវលេខ៨៥ បេតេ ក្នុងភូមិត្នោតជ្រំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ សុមានិត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៨ តាមផ្លូវ៨៩ បេតេ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមិត្តភ័ក្ដិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានមកផឹកស៊ីជាមួយគាត់ នៅក្បែរផ្ទះរបស់ជនបង្ក តាំងពីយប់រហូតដល់មេឃភ្លឺ និងឈ្លោះប្រកែកគ្នាជាមួយអ្នកផ្ទះរបស់ជនសង្ស័យផងដែរ។ លុះមកដល់ព្រឹកឡើង ម៉ោងកើតហេតុ ជនរងគ្រោះ និងមិត្តភក្ដិចំនួន ០២នាក់ទៀត កំពុងតែអង្គុយផឹកនៅមុខផ្ទះ មិនដឹងជាជនសង្ស័យមានបញ្ហាអ្វីនោះទេ បានរត់ចេញពីក្នុងផ្ទះ រួចរកហក់វាយជនរងគ្រោះ ទើបធ្វើឱ្យជនរងគ្រោះយកកៅអីបម្រុងវាយត្រឡប់ទៅវិញ។ ភ្លាមៗ ជនសង្ស័យបានរត់ទៅយកដាវដែលទុកខាងក្នុងផ្ទះ ធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលឱ្យត្រូវរបួសកដៃ ហើយបានរត់ចូលក្នុងផ្ទះបាត់។ បន្ទាប់ពីរបួសភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយកើតហេតុ អាវុធហត្ថខណ្ឌមានជ័យ បានចុះមកដល់ទីតាំងផ្ទះជនសង្ស័យ ឡោមព័ទ្ធ និងចាប់នាំខ្លួនទៅសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់៕






