នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០១៖១៥នាទី មានករណីប្រទះឃើញមនុស្សដេកស្លាប់ សង្ស័យជាករណីឃាតកម្ម នៅចំណុចក្នុងបន្ទប់ដេក ស្ថិតនៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជនរងគ្រោះមានឈ្មោះ ធឿន ជីន ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានស្នាមចាក់ដោយកាំបិតលើរាងកាយចំនួន ៣៣កន្លែង។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យដែលបានធ្វើសកម្មភាពខាងលើ។
លុះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿន ស្រីកា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ខ្លួនបានទៅទិញកាំបិតចុងស្រួចនៅផ្សារ មានតម្លៃ ១២.០០០រៀល រួចបានទៅធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះខាងលើប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះ បានអូសទាញសាច់ញាតិរបស់ខ្លួនធ្វើជាអនាចារផ្លូវភេទជាមួយអ្នកដទៃ ទើបធ្វើឱ្យខ្លួនខឹង និងធ្វើសកម្មភាពខាងលើតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្តនីតិវីធី៕










