(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៥ វេលាម៉ោង ០២៖០០នាទី​អាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ ដឹកនាំកម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់​ ចំការលាភ​ ផ្លូវលេខ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី​កាន់កាប់អាវុធដោយខុសច្បាប់​។

ជនសង្ស័យខាងលើមានឈ្មោះ​ លឹម​ សុភ័ក្រ្តា ភេទប្រុស​ អាយុ ​៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរអ្នកបកប្រែភាសាចិន​។

សម្ភារៈដកហូតរួមមាន៖ កាំភ្លើងខ្លីចំនួន ០១ដើម​ មិនស្គាល់ម៉ាក​ ពណ៌ទឹកមាស​ លេខ MAC-0600 (មិនប្រក្រតីត្រង់ចំណុចលេខ6)​ និងគ្រាប់កាំភ្លើងចំនួន ០៦គ្រាប់​។

បច្ចុប្បន្នកម្លាំងជំនាញ បាននាំយកមកនាយដ្ឋាន​ដើម្បីធ្វើការសាកសួរ​ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed