(កំពង់ស្ពឺ) ៖ ដោយបានការដឹកនាំបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ បានធ្វើការសហការស្រាវជ្រាវ ករណីក្រុមចោរឆក់កាបូបជនរងគ្រោះ ឈ្មោះ ឃឹម ដានីន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ដឹកប្រពន្ធមកលេងស្រុកកំណើត នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទព័ម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមការស្រាវជ្រាវ កម្លាំងជំនាញកំណត់បានអត្ដសញ្ញាណជនសង្ស័យ ក្នុងនោះប្រើមធ្យោបាយម៉ូតូ ម៉ាកហុងដា C125 ឆ្នាំ២០១៤ ផ្លាកលេខ ភ្នំពេញ 1CP-4434 ក្នុងហេតុការណ៍ខាងលើ ក្រុមជនសង្ស័យបានឆក់កាបូបដាក់លុយស្ពាយចំហៀង បណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ និងដួលបោកនឹងដី រងរបួសចំក្បាលទាំង ០២នាក់ (ប្ដី-ប្រពន្ធ) ក្រោយពីជនសង្ស័យធ្វើសកម្មភាពឆក់បានក៏ជិះគេចខ្លួនបាត់ស្រមោល។
ជនសង្ស័យទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន រួមមាន៖ ទី១/ឈ្មោះ យ៉ាង ភីយុទ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ទី២/ឈ្មោះ រុំ វិច្ឆកា ភេទប្រុស អាយុ ២២ឆ្នាំ និងទី៣/ឈ្មោះ ជូ សារិន ភេទប្រុស អាយុ ២៣ឆ្នាំ។
បច្ចុប្បន្ន មុខសញ្ញាសង្ស័យទាំង ០៣ខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីមានចំណាត់ការបន្តតាមច្បាប់ រីឯកាបូបលុយ សមត្ថកិច្ចបានប្រគល់ជូនទៅភាគីជនរងគ្រោះវិញគ្រប់ចំនួនហើយ៕