(ពោធិ៍សាត់) ៖ ដោយអនុវត្តតាមមតិចង្អុលការ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង បង្រ្កាបករណីឃាតកម្ម (ប្រើអាវុធខ្លី K54 បាញ់សម្លាប់មនុស្សស្រី ០១នាក់ និងរបួស ០៤នាក់។
ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៤០នាទី នៅលើផ្លូវជាតិ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ករណីឃាតកម្មនេះ ជនសង្ស័យប្រើអាវុធខ្លី K54 បាញ់សម្លាប់មនុស្សស្រី ០១នាក់ ឈ្មោះ ណ ដ អាយុ ៣០ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងរបួស ០៤នាក់ ស្រី ០១នាក់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឯ ណអ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះរថយន្ត ០១គ្រឿង ម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2B-2013 ធ្វើសកម្មភាពបាញ់ទៅក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តរត់គេចខ្លួនបាត់។
លុះមកដល់វេលាម៉ោង ១២៖១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះចំនួន ០៤នាក់ រួមមាន៖
១.ឈ្មោះ ប វទ ភេទប្រុស អាយុជាង ៣០ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសធ្ងន់) សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់
២.ឈ្មោះ ណ ត ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (របួសធ្ងន់) សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់
៣.ឈ្មោះ ច សវ ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសស្រាល) សម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ
៤.កុមារាឈ្មោះ ឯ វរប អាយុ ០១ឆ្នាំ ៨ខែ (ត្រូវជាកូនប្រុសបង្កើតរបស់សង្ស័យ (របួលស្រាល) សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ មូលហេតុទំនាស់រឿងដណ្ដើមកូនគ្នា។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី៕