បន្ទាយមានជ័យ៖ កម្លាំងយោធាឈុតខ្មៅថៃ បានដាក់គ្រឿងចក្រឈូសឆាយដីចម្ការរបស់ពលរដ្ឋកម្ពុជា នៅក្នុងភូមិព្រៃចាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅលើទីតាំងដែលទាហានថៃបានព័ទ្ធលួសបន្លាឈ្លានពាន ដោយមិនក្រែងរអាអ្វីទាល់តែសោះទោះជាកន្លងមកមានការចុះទៅពិនិត្យជាក់ស្ដែងពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ក៏ដោយ។

ការប្រើគ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជានេះលើកទី២ បន្ទាប់ពីកងកម្លាំងចម្រុះរបស់ថៃបានយកគ្រឿងចក្រមកឈូសឆាយលើដីចម្ការដំណាំរបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់៥ ក្នុងភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវបានយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន និងដីចម្ការ បន្ទាប់ពីកម្លាំងយោធាថៃបានចូលឈ្លានពានដោយការរាយបន្លាលួស នៅក្រោយ១ថ្ងៃនៅភូមិជោគជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនាពេលកន្លងមកថា ការហ៊ុំព័ទ្ធបន្លាលួសពីសំណាក់យោធាថៃមកលើភូមិព្រៃចាន់ បានប៉ះពាល់ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាចំនួន ៦គ្រួសារ ស្មើនឹង ៣២នាក់ ខណៈចំនួន ១៦គ្រួសារទៀត ប៉ះពាល់ដល់ដីលំនៅឋាន និងដីចម្ការ។ កម្លាំងយោធាថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបង្ខំប្រជាពលរដ្ឋកម្ពុជាឱ្យចាកចេញពីលំនៅឋានភ្លាមៗ ដោយមិនបញ្ជាក់ហេតុផលអ្វីទាំងអស់។

កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងយោធាថៃ ប្រដាប់ដោយខែលការពារខ្លួន និងបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសំឡេងខ្លាំងៗ បានព្យាយាមរាយលួសបន្លាម្ដងទៀត ក្នុងបំណងពង្រីកយកដីនៅភូមិព្រៃចាន់ ប៉ុន្តែត្រូវបានរារាំងដោយប្រជាពលរដ្ឋកម្ពុជានៅតំបន់នោះ ដោយមានការតតាំងគ្នា រហូតយោធាថៃបង្ក្រាបមកលើប្រជាពលរដ្ឋកម្ពុជាដែលគ្មានអាវុធ ដោយការបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសំឡេងខ្លាំងៗ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ និងកងទ័ពកម្ពុជា ចំនួន៣០អង្គ/នាក់ រងរបួសធ្ងន់ និងស្រាល។

ទន្ទឹមនេះអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានព្រមានដោយការដាក់ឱសានវាទឱ្យប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រុះរើផ្ទះសម្បែងចាកចេញពីភូមិឋាន ឱ្យបានមុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បើមិនមិនដូចនេះទេពួកគេនឹងប្រើច្បាប់អាជ្ញាសឹករបស់ប្រទេសថៃ ឬកម្លាំងយោធាមកឈូសឆាយសំណង់ដែលស្ថិតនៅលើដែនអធិបតេយ្យកម្ពុជា៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed