ស្រុកត្រាំកក់, ខេត្តតាកែវ៖ នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នេះ ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ មកពីភូមិចំនួន ៤ រួមមាន ភូមិឫស្សីមួយគុំ, ភូមិស្ទឹង, ភូមិពករុន និងភូមិទួលក្លុង ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលអំណោយមនុស្សធម៌ពី ព្រះចៅអធិការវត្តត្រពាំងអណ្តើក ព្រះនាម សាន សុភា។

ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ស៊ីម វាសនា អភិបាលរងនៃគណៈអភិបាលស្រុកត្រាំកក់ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ ព្រមទាំងមានការចូលរួមពី លោក ឆិល ពុទ្ធា អាជ្ញាធរដែនដី រួមមាន មេភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ កងកម្លាំងនគរបាល និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

អំណោយដែលបានចែកជូនដល់គ្រួសារនីមួយៗនាពេលនេះ រួមមាន៖

អង្ករ៖ ១៧ គីឡូក្រាម

មី៖ ៤ កញ្ចប់

ទឹកសុទ្ធ៖ ៤ ដប

ត្រីខ៖ ៣ កំប៉ុង

អំបិល និងស្ករ៖ ១ គីឡូក្រាម

មុង៖ ១

អាវ៖ ១

បច្ច័យ៖ ១៥,០០០ រៀល

សកម្មភាពមនុស្សធម៌នេះ បានស្តែងឲ្យឃើញពីទឹកព្រះទ័យសប្បុរសរបស់ព្រះចៅអធិការវត្តត្រពាំងអណ្តើក ក្នុងការចូលរួមចំណែកសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយជ្រោមជ្រែងសង្គមជាតិផងដែរ។


Leave a Reply

Your email address will not be published. Required fields are marked *

You missed