ស្រុកត្រាំកក់តាកែវ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំលាយបូរ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរៀបចំកម្មវិធី «វេទិកាសាធារណៈ» ដើម្បីជួបប្រជុំ ពិភាក្សា និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន ២២៦ នាក់។

អង្គវេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក ចុះមូលដ្ឋានឃុំលាយបូរ។

សមាសភាពចូលរួម៖

វេទិកាសាធារណៈនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន៖

  • ថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋាន៖ លោក លោកស្រី ប្រធានការិយាល័យជុំវិញនៃរដ្ឋបាលស្រុក, ក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ, ជំនួយការហិរញ្ញវត្ថុឃុំ, ជំនួយការរដ្ឋបាលឃុំ, មេភូមិ, អនុភូមិ និងសមាជិកភូមិ។

  • កងកម្លាំងមានសមត្ថកិច្ច៖ នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលរដ្ឋបាលឃុំលាយបូរ ព្រមទាំងកម្លាំងប្រជាការពារភូមិ។

  • តំណាងគ្រឹះស្ថាន និងអង្គភាពសេវាសាធារណៈ៖ តំណាងក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវ និងតំណាងអគ្គិសនីខេត្ត។

  • វិស័យសុខាភិបាល និងអប់រំ៖ ប្រធាន អនុប្រធានមណ្ឌលសុខភាពលាយបូរ, នាយក នាយករងនៃវិទ្យាល័យ សុខ អាន លាយបូរ ព្រមទាំងនាយក នាយករងនៃសាលាបឋមសិក្សាទាំង ៦ ក្នុងឃុំ។

  • វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍៖ តំណាងរោងចក្រស្បែកជើងលាយបូរ, តំណាងអង្គការក្រៅរាជរដ្ឋាភិបាល, គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងមូលដ្ឋានឃុំលាយបូរ។

គោលបំណង និងបរិយាកាសទូទៅ៖ វេទិកាសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បើកឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់ សំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងក្នុងជីវភាពរស់នៅ ដើម្បីឱ្យអាជ្ញាធរ និងផ្នែកពាក់ព័ន្ធធ្វើការឆ្លើយតប បកស្រាយ និងស្វែងរកដំណោះស្រាយសមស្របភ្លាមៗនៅនឹងកន្លែង ប្រកបដោយតម្លាភាព និងទំនួលខុសត្រូវខ្ពស់៕

Screenshot
Screenshot


Leave a Reply

Your email address will not be published. Required fields are marked *