ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះថា វត្តមានរបស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅតំបន់អានសេះ គឺជាសក្ខីភាពអន្តរជាតិដ៏សំខាន់ដែលបញ្ជាក់យ៉ាងច្បាស់ថា តំបន់នេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងស្រដៀងគ្នានេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី ដោយបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថិរវេលាជាងពីរថ្ងៃ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន និងក្រោយពេលកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់»។ នាពេលនោះ ក្រុមអនុព័ន្ធយោធាបរទេស រួមជាមួយតំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ ដោយផ្ទាល់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ដំណើរទស្សនកិច្ចសង្កេតការណ៍នោះ មិនមែនជាព្រឹត្តិការណ៍ធម្មតានោះទេ ប៉ុន្តែជាការចុះពិនិត្យស្ថានភាពក្រោយបទឈប់បាញ់ ដែលបានបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់នូវ «ការពិតនៅលើដី» និងផលវិបាកដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងអំឡុងការប្រយុទ្ធគ្នានោះ ទោះបីជាយោធាថៃបានព្យាយាមវាយលុក ដើម្បីកាន់កាប់តំបន់អានសេះយ៉ាងណាក៏ដោយ ក៏មិនអាចសម្រេចគោលបំណងបានឡើយ។

ទោះជាយ៉ាងណា ការវាយប្រហាររបស់ភាគីថៃ បានបង្កការបំផ្លិចបំផ្លាញដល់អាស្រម និងរូបសំណាកលោកតាអ៊ំ ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋកម្ពុជា ហើយទង្វើនេះបានក្លាយជាភស្តុតាងរស់នៃការប្រើប្រាស់កម្លាំងប្រដាប់អាវុធរំលោភលើដែនអធិបតេយ្យភាពកម្ពុជា។

បន្ថែមលើការគ្រប់គ្រងជាក់ស្តែង មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបញ្ជាក់អះអាងដោយផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារប្រវត្តិសាស្ត្រយ៉ាងរឹងមាំថា តំបន់អានសេះ ស្ថិតក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ។ មូលដ្ឋានច្បាប់ទាំងនោះ រួមមាន៖
ផែនទីមាត្រដ្ឋាន ១:២០០,០០០ និង កំណត់ហេតុបោះបង្គោលព្រំដែន (Procès-Verbaux: PV) របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន–សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩។

ផែនទី L7017 មាត្រដ្ឋាន ១:៥០,០០០ (ទោះបីជាភាគីថៃរៀបចំឡើងដោយឯកតោភាគីក៏ដោយ) ក៏នៅតែបង្ហាញទីតាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាស្របគ្នានឹងឯកសារផ្លូវការផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖

«ហេតុដូច្នេះ ការចុះពិនិត្យរបស់អនុព័ន្ធយោធាបរទេស មិនត្រឹមតែជាការតាមដានការអនុវត្តបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសក្ខីភាពអន្តរជាតិអំពីការពិតនៅលើដី និងអំពីអធិបតេយ្យភាពរបស់កម្ពុជាលើតំបន់អានសេះ ដែលមានមូលដ្ឋានទាំងលើការគ្រប់គ្រងជាក់ស្តែង និងលើឯកសារច្បាប់ប្រវត្តិសាស្ត្រដែលបានទទួលស្គាល់»៕

 

 

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *