ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងយោធានៃវរសេនាតូចការពារព្រំដែនគោកលេខ ៨៩១ បានចុះធ្វើការណែនាំ និងផ្សព្វផ្សាយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកូនចៅតូចៗ ចៀសវាងគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ។
ប្រតិបត្តិការចុះណែនាំនេះ បានធ្វើឡើងនៅតាមចំណុចប្រឈមសំខាន់ៗ ស្ថិតក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនអូរជ្រៅ បុរីថ្មី និងក្បាលស្ពាន ក្នុងក្រុងប៉ោយប៉ែត ដោយសារស្ថានភាពទឹកអូរព្រំដែននាពេលនេះ មានការហក់ឡើងជាបន្តបន្ទាប់ដែលស្ទើរតែឈានដល់កម្រិតត្រូវប្រុងប្រយ័ត្ន។
ក្នុងសកម្មភាពចុះអប់រំណែនាំនេះ កម្លាំងវរសេនាតូចលេខ ៨៩១ បានផ្តាំផ្ញើ និងក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
-
មើលថែកូនចៅឱ្យបានដិតដល់៖ ហាមឃាត់ដាច់ខាតមិនឱ្យកុមារ ឬចៅៗតូចៗ ចុះលេងទឹកអូរឡើយ ព្រោះចរន្តទឹកអាចហូរខ្លាំង និងជ្រៅ ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់លង់ទឹកបានគ្រប់ពេលវេលា។
-
តាមដានព័ត៌មានទឹកជំនន់៖ ត្រូវបន្តតាមដានការវិវត្តនៃស្ថានភាពទឹកជំនន់ និងការជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ចជាប្រចាំ។
-
រៀបចំសម្ភារសំខាន់ៗ៖ ត្រៀមលក្ខណៈរៀបចំទុកដាក់ឯកសារសំខាន់ៗ និងទ្រព្យសម្បត្តិមានតម្លៃនៅទីទួលសុវត្ថិភាព ប្រសិនបើមានករណីទឹកជំនន់ហក់ឡើងខ្លាំងភ្លាមៗ។
អាជ្ញាធរ និងកម្លាំងវរសេនាតូចការពារព្រំដែនលេខ ៨៩១ ក៏បានបញ្ជាក់បន្ថែមថា កងកម្លាំងបានត្រៀមលក្ខណៈជានិច្ចទាំងកម្លាំង និងមធ្យោបាយ ដើម្បីចុះជួយអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងខ្លាំងនៅក្នុងភូមិសាស្ត្រនេះ៕





