នារី​ម្នាក់ ជិះ​ម៉ូតូ​ធំ សង្ស័យ​វ៉ា​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ខាងស្ដាំ​ដៃ​មិន​ផុត ដួល​ចូល​ក្រោម​កង់​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង ១៨៖៣៥ នាទី​យប់ ថ្ងៃ​០៥ ខែ​កញ្ញា ឆ្នាំ២០២៥ ត្រង់​ចំណុច​ផ្លូវ​បេតុង​ព្រៃស ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ យូ ចាន់ណា ភេទ​ស្រី អាយុ ៣១ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល។ ដោយឡែក ភាគី​រថយន្ត​ម៉ាក HINO ពណ៌​បៃតង ពាក់​ផ្លាក​លេខ ភ្នំពេញ 3A-3048 (អ្នក​បើកបរ​រត់​គេច​ពី​កន្លែង​កើតហេតុ)។ រីឯ​ភាគី​ម៉ូតូ​ម៉ាក YAMAHA R6 ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 1GB-6009។

តាម​ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ បើកបរ​ស្រប​ទិស​គ្នា ទិសដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ក៏​ឡើង​វ៉ា​រថយន្ត​ខាងស្ដាំ រួច​បាន​វ៉ាក់​ជាមួយ​រថយន្ត ០១គ្រឿងទៀត បើក​ថយក្រោយ ហើយ​ម៉ូតូ​ក៏​បាន​គេច​បោក​ចូល​ក្រោម​រថយន្ត​ដែល​មក​ស្រប​ទិស​គ្នា​តែម្ដង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​វត្ថុតាង ​(​រថយន្ត និង​ម៉ូតូ​ធំ​) ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ដើម្បី​បន្ត​នីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed