(កំពង់ស្ពឺ) ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែក្រោយភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីបាត់ពីផ្ទះចំនួន ០៤ថ្ងៃទៅហើយនោះ។
ការប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖៣០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចវាលស្រែខាងលិចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា បុរសដែលដេកស្លាប់នៅវាលស្រែនោះមានឈ្មោះ សួស ផាត អាយុ ៤០ឆ្នាំ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានបន្តថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះ គឺមានប្រជាពលរដ្ឋម្នាក់បានដើរទៅមើលទឹកស្រែរបស់គាត់ ពេលដើរនៅលើភ្លឺស្រែក៏ស្រាប់តែបានប្រទះឃើញសាកសពឈ្មោះ សួស ផាត ដេកស្លាប់ផ្កាប់មុខក្នុងស្រែ ខាងលិចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចម្ងាយប្រមាណ ២០០ម៉ែត្រ។
សមត្ថកិច្ច បានបន្តទៀតថា បើយោងតាមការបំភ្លឺរបស់ប្រពន្ធសពជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង ០៤៖៣០នាទីទៀបភ្លឺ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ប្ដីរបស់គាត់ (សព) បានដើរចេញពីផ្ទះ មិនឃើញត្រឡប់មកវិញសោះ។ ស្រាប់តែនៅវេលាម៉ោង ១០៖២០នាទី នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលព័ត៌មានថា ប្រជាពលរដ្ឋប្រទះឃើញប្តីគាត់ដេកស្លាប់នៅវាលស្រែបាត់ទៅហើយ ប្តីរបស់គាត់មានជំងឺប្រចាំកាយភ្លេចភ្លាំងស្មារតី។
ករណីខាងលើនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញ កម្លាំងជំនាញផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ បានពិនិត្យទៅលើដងខ្លួនសាកសពពុំមានស្នាកស្នាមអ្វីទេ។ ហើយសាច់ញាតិក្រុមគ្រួសារទទួលស្គាល់ថា ប្ដីរបស់ខ្លួនពិតជាស្លាប់ដោយខ្លួនឯងប្រាកដមែន ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកមេភូមិផងដែរ។ ក្រោយពិនិត្យរួចរាល់ សពបុរសខាងលើ ត្រូវបាននគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕