(សៀមរាប) ៖ កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន ០៣នាក់ ទី១-ឈ្មោះ XIAO SONG ទី២-ឈ្មោះ HAN JIAJIA និងទី៣-ឈ្មោះ QIN CILONG និងស្រ្តីជនជាតិវៀតណាមចំនួន ០១នាក់ ឈ្មោះ LUONG THI QUE។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញ បានដកហូតសម្ភារៈ ជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុចំនួន ០៤គ្រឿង ទូរសព្ទដៃចំនួន ២៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្រ្តឆបោក ក្រោមរូបភាពជាការលួងលោមស្នេហា (Romance Scam) ដើម្បីបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគទិញរូបិយបណ្ណអេឡិចត្រូនិច (Crypto) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ កំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed