(ស្វាយរៀង)៖ ជនសង្ស័យចំនួនចំនួន ២៨នាក់ ក្នុងនោះស្ត្រី ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន 0២ទីតាំង នៅបុរី CK នៅផ្ទះលេខM47 និងផ្ទះលេខM29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri Band Repeater ០១, ដុំ WiFi ចំនួន ០៤គ្រឿង, កាត ០១សន្លឹក, រថយន្ត ០១គ្រឿង ម៉ាក Lexus RX400h ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BZ-4107, ម៉ូតូ ០៤គ្រឿង, ឯកសណ្ឋានសមត្ថកិច្ច, លិខិតឆ្លងដែន ១២ក្បាល, អត្តសញ្ញាណប័ណ្ណ ២៤សន្លឹក, បណ្ណបើកបរ ០៥សន្លឹក និងផ្លាកលេខម៉ូតូវៀតណាម ០១សន្លឹក។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ៕

