នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៦ នេះ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦) ចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងពិធីមនុស្សធម៌នេះដែរ ក៏មានការយាង និងនិមន្តចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះអនុគណស្រុកត្រាំកក់ និងព្រះមន្ត្រីសង្ឃស្រុក ដោយបាននាំយកនូវទេយ្យ ទាន និងបច្ច័យចូលរួមឧបត្ថម្ភបន្ថែមដល់គ្រួសាររងគ្រោះផងដែរ។
១. អំណោយរបស់អនុសាខាកាកបាទក្រហមស្រុក៖អង្ករ ៥០ គីឡូក្រាម (១ បាវ) មី ១ កេស ទឹកផ្លែឈើ ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរនិងថវិកាឧបត្ថម្ភ គ្រួសាររងគ្រោះធ្ងន់ធ្ងរ (ចំនួន ១គ្រួសារ) ទទួលបាន ២០០,០០០ រៀល ចំណែកគ្រួសាររងគ្រោះមធ្យម (ចំនួន ៣គ្រួសារ) ទទួលបាន ១៤០,០០០ រៀល ក្នុងមួយគ្រួសារ។
២. ទេយ្យទានឧបត្ថម្ភបន្ថែមពីព្រះអនុគណ និងព្រះមន្ត្រីសង្ឃស្រុក (ក្នុងមួយគ្រួសារ)៖ អង្ករ ៤០ គីឡូក្រាម ទឹកសុទ្ធ ១ កេស មី ១ កេស ទឹកផ្លែឈើ ១ យួរ ត្រីខ ១ យួរ។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន និងវិស័យព្រះពុទ្ធសាសនា ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ជួយសង្គ្រោះបានទាន់ពេលវេលា និងមិនទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយអត់ឃ្លាននោះឡើយ៕

