សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម និងវិទ្យាល័យសុខអាន ១ឧសភា
===================
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញជួបសំណេះសំណាល និងធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ព្រមទាំងអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបញ្ហា ក្មេងទំនើង និងគ្រឿងញៀន ជូនដល់ក្មួយៗ សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម និងវិទ្យាល័យសុខអាន ១ឧសភា។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានលើកឡើងពីសារៈសំខាន់នៃការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោលនយោបាយដ៏មានសារៈសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ជាពិសេស បានជំរុញឱ្យសិស្សានុសិស្សចូលរួមគោរពច្បាប់ ចរាចរណ៍ មានវិន័យល្អក្នុងការសិក្សា និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងចៀសវាងរាល់សកម្មភាពដែលអាចបង្កឱ្យមានភាពអសន្តិសុខក្នុងសង្គម។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុកបានធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដែលជាបញ្ហាប្រឈមដល់សង្គម និងអនាគតយុវជន ដោយបានពន្យល់អំពីផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាព ការសិក្សា កិត្តិយសគ្រួសារ និងអនាគតជីវិត។ ទន្ទឹមនឹងនេះ ក៏បានអំពាវនាវឱ្យសិស្សានុសិស្សបដិសេធដាច់ខាតចំពោះគ្រឿងញៀនគ្រប់ប្រភេទ មិនសេព មិនជួញដូរ និងមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាដាច់ខាត។
លោកអភិបាលស្រុកក៏បានក្រើនរំលឹកដល់សិស្សានុសិស្សឱ្យជៀសវាងការប្រមូលផ្តុំបង្កើតជាក្រុមក្មេងទំនើង ការប្រើប្រាស់អំពើហិង្សា ការបង្ហោះ ឬចែកចាយខ្លឹមសារមិនសមរម្យតាមបណ្តាញសង្គម និងត្រូវខិតខំរៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកនាយករដ្ឋបាល ប្រធាន អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា នាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ និងក្មួយសិស្សានុសិស្ស ។
-សិស្សវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សរុបប្រមាណ ១,៨៥៩នាក់
-សិស្សវិទ្យាល័យសុខអាន១ឧសភា សរុបចំនួន ១,៣៩៥នាក់
សរុបចំនួន ៣,២៥៤ នាក់

See less

Leave a Reply

Your email address will not be published. Required fields are marked *

You missed