ស្រុកត្រាំកក់តាកែវ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ យុទ្ធនាការ «៣០ថ្ងៃ រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម» ត្រូវបានបន្តអនុវត្តយ៉ាងសកម្មនៅក្នុងភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ តាមរយៈការចុះអប់រំសុខភាព ដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសតាមខ្នងផ្ទះ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម និងជំងឺឈីកុនហ្គុនយ៉ា (Chikungunya)។

ក្នុងសកម្មភាពចុះជួយប្រជាពលរដ្ឋផ្ទាល់នេះ ក្រុមការងារជំនាញបានពន្យល់ណែនាំថា ការបាញ់ថ្នាំសម្លាប់មូស និងការដាក់ថ្នាំអាបែតក្នុងពាងទឹក គឺគ្រាន់តែជាវិធានការមួយផ្នែកក្នុងការជួយកាត់បន្ថយចំនួនមូសខ្លាប៉ុណ្ណោះ។ យន្តការដែលអាចលុបបំបាត់ជំងឺទាំងនេះបានដាច់ឫសគល់ និងមានប្រសិទ្ធភាពបំផុត គឺការចូលរួមរបស់គ្រប់គ្រួសារក្នុងការលុបបំបាត់ប្រភពទឹកដក់ ដែលជាជម្រកពងកូនរបស់មូសខ្លា។

សកម្មភាពសំខាន់ៗនៅក្នុងភូមិត្រពាំងខ្នា៖

  • ការបាញ់ថ្នាំ និងដាក់អាបែត៖ ក្រុមការងារបានចុះបាញ់ថ្នាំសម្លាប់មូសតាមដានផ្ទះ និងដាក់ថ្នាំអាបែតក្នុងសម្ភារៈស្តុកទឹក ដើម្បីកាត់បន្ថយដង្កូវទឹក និងមូសខ្លាជំនាន់ក្រោយ។

  • ការអប់រំសុខភាពតាមខ្នងផ្ទះ៖ ណែនាំបងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃជំងឺគ្រុនឈាម និងរបៀបការពារសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ។

  • ការសម្អាតបរិស្ថាន៖ ជំរុញចលនាប្រមូល និងកម្ទេចវត្ថុដក់ទឹកជុំវិញផ្ទះសម្បែង។

យុទ្ធសាស្ត្រគន្លឹះដើម្បីសហគមន៍គ្មានមូសខ្លា៖

«ទោះបីជាមានការបាញ់ថ្នាំ និងដាក់ថ្នាំអាបែតក៏ដោយ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនចូលរួមលុបបំបាត់ជម្រកមូសខ្លានោះទេ ការទប់ស្កាត់នឹងមិនទទួលបានជោគជ័យពេញលេញឡើយ។ ដូច្នេះ គ្រប់គ្រួសារក្នុងភូមិត្រពាំងខ្នា ត្រូវរួមគ្នាលុបបំបាត់ប្រភពទឹកដក់ទាំងអស់ ដូចជា សំបកកង់ឡាន-ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង និងត្រូវលាងសម្អាត ផ្លាស់ប្តូរទឹកពាង ឬអាងទឹកឱ្យបានទៀងទាត់ ដើម្បីកម្ទេចដង្កូវទឹកឱ្យអស់ពីក្នុងផ្ទះ និងសហគមន៍»៕


Leave a Reply

Your email address will not be published. Required fields are marked *