បុរស​ជា​សន្តិសុខ​ម្នាក់ ខណៈ​ពេល​កំពុង​ឈរ​ហាល​ខោអាវ​ដែល​ទើប​បោក​គក់​រួច ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ មុខ​បន្ទប់​ជួលកំពុងរស់នៅ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង ​កាលពី​វេលា​ម៉ោង ៥៖០០នាទី​ទៀបភ្លឺ ថ្ងៃ​ទី០៤ ខែ​កញ្ញា ឆ្នាំ២០២៥ ស្ថិត​នៅ​ភូមិ​ជ័យជំនះ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឱ្យ​ដឹង​ថា រាល់ដង​នៅ​ពេល​ជនរងគ្រោះ​មកពី​ធ្វើការ​វិញ តែងតែ​បោក​សម្លៀកបំពាក់​រួច​ ទើប​ទៅ​សម្រាក ដោយសារ​គាត់​ជា​សន្តិសុខ​យាម​ពេលយប់ ដូច្នេះ​ហើយ​ទើប​ឆ្លៀតពេល​បោក​សម្លៀកបំពាក់។

ប្រភពខាងលើ​ដដែល​ បន្ត​ថា ​នៅ​វេលា​ម៉ោង​ប្រមាណ ៥៖០០នាទីទៀបភ្លឺ ថ្ងៃ​ទី០៤ ខែកញ្ញានេះ គាត់​កំពុងតែ​រៀបចំ​បើក​តូប​លក់ដូរ ពេលនោះ​ក៏​មាន​អ្នក​ស្នាក់នៅ​ផ្ទះ​ជួល​ក្បែរ​នោះ​មក​ប្រាប់​ថា ជនរងគ្រោះ​ឆក់​ខ្សែភ្លើង​ស្លាប់​បាត់​ហើយ រួច​គាត់​ក៏​រត់​ទៅ​មើល និង​បិទ​កុងទ័រ​ភ្លើង។ ភ្លាមៗនោះ អ្នក​នៅ​ក្បែរ​ខាង​បាន​ព្យាយាម​ជួយសង្គ្រោះ និង​ទាក់ទង​ហៅ​រថយន្ត​របស់​មន្ទីរ​ពេទ្យ​មក​ជួយ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ គាត់​ក៏បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋានឱ្យចុះ​មក​អន្តរាគមន៍​នៅ​នឹង​ទីតាំង​កើតហេតុ​ភ្លាមៗ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ញ៉េប វាស្នា ភេទ​ប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ មាន​ស្រុកកំណើត​នៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។

ក្រោយពេល​ពិនិត្យ​រួច សមត្ថកិច្ច​ជំនាញ និង​ក្រុម​គ្រូពេទ្យ បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី។ ចំណែក​សព ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត៕

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed