រាជធានីភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង និងជាប្រធានក្រុមការងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល បញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ព្រមទាំងសមាជិកក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក ស៊ុន រដ្ឋា អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមការងារបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

នាឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គនាយករង ព្រមទាំងប្រតិភូរួមដំណើរ ក៏បាននាំយកថវិកាឧបត្ថម្ភ ដែលជាទឹកចិត្ត និងជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រគល់ជូនលោក វរសេនីយ៍ឯក ស៊ុន រដ្ឋា ដើម្បីសម្រាលបន្ទុកថ្លៃព្យាបាលជំងឺផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីព្រួយបារម្ភ និងក្តីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក ជូនចំពោះលោក វរសេនីយ៍ឯក ស៊ុន រដ្ឋា និងក្រុមគ្រួសារ ព្រមទាំងបានជូនពរឱ្យលោកបានឆាប់ជាសះស្បើយពីជំងឺ ដើម្បីត្រឡប់មកបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋវិញនាពេលឆាប់ៗខាងមុខនេះ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed