ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ពូស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំក្រុមការងារ រួមមានលោកស្រីមេឃុំ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់នៅតាមបណ្តោយដងអូរនានា ស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពកម្ពស់ទឹក តាមដានផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះបងប្អូនប្រជាពលរដ្ឋ រស់នៅតាមសងខាងដងអូរ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីឆ្លើយតប និងអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានករណីជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង។
នាឱកាសនោះ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរឃុំ ភូមិ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវ៖
-
តាមដានយ៉ាងយកចិត្តទុកដាក់៖ បន្តដានផ្ទាល់ និងរាយការណ៍អំពីស្ថានភាពទឹកជាប្រចាំ។
-
ត្រៀមលក្ខណៈអន្តរាគមន៍៖ រៀបចំកម្លាំង និងមធ្យោបាយសង្គ្រោះជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
-
ផ្សព្វផ្សាយសារអប់រំ៖ ជូនដំណឹង និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានកុមារតូចៗ និងមនុស្សចាស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ។
ទន្ទឹមនឹងនេះ លោកអភិបាលស្រុកម៉ាឡៃ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ប្រឈម និងតាមដងអូរ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិឱ្យបានជាអតិបរមា៕






