ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកម៉ូតូយ៉ាងសកម្ម បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់យ៉ាងក្តៅគគុកនេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។ ជាពិសេស នៅក្នុងសកម្មភាពចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជាក់ស្តែងនេះ ក៏មានវត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមផ្ទាល់ ដើម្បីចុះពិនិត្យ និងសម្របសម្រួលក្នុងការទប់ស្កាត់បទល្មើស ក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៤នាក់នេះ តែងតែធ្វើសកម្មភាពជិះម៉ូតូដេញតាមកាប់ និងប្លន់យកម៉ូតូពីជនរងគ្រោះនៅពេលយប់ស្ងាត់យ៉ាងសាហាវឃោរឃៅ។ បន្ទាប់ពីទទួលបានបណ្តឹង និងការក្តាប់ព័ត៌មានបានច្បាស់លាស់ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានរៀបចំផែនការល្បាត និងស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

ប្រតិបត្តិការនេះទទួលបានការសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត ចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងកងកម្លាំងសមត្ថកិច្ច ក្នុងការលុបបំបាត់បទល្មើស និងការពារសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed