ខេត្តតាកែវ៖ ជាដំណឹងដ៏រីករាយ និងជាកាដូដ៏ថ្លៃថ្លាសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំរោង! ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានសម្រេចដាក់សំណើស្នើសុំជាបន្ទាន់ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសាងសង់ និងស្ថាបនាផ្លូវខ្នងទំនប់ត្នោតទេរ ឱ្យក្លាយជាប្រភេទផ្លូវកៅស៊ូ (DBST) មានប្រវែងជិត ៣,០០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នេះបើយោងតាមការបញ្ជាក់ផ្លូវការពី លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
លោកប្រធានមន្ទីរបានឱ្យដឹងថា ខ្នងទំនប់ត្នោតទេរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំលំចង់ និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ និងដឹកជញ្ជូនផលដំណាំកសិកម្មទៅកាន់ទីផ្សារ។ ការសម្រេចចិត្តដាក់សំណើស្នើសុំស្ថាបនាផ្លូវកៅស៊ូ DBST នាពេលនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម ផ្តល់ភាពងាយស្រួល សុវត្ថិភាព និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ។
គម្រោងស្ថាបនាផ្លូវកៅស៊ូប្រវែងជិត ៣គីឡូម៉ែត្រនេះ នឹងក្លាយជាចំណងដៃដ៏មានតម្លៃ និងជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកសំរោង ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំលំចង់ និងឃុំទ្រា ស្រុកសំរោង បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទាន់ពេលវេលា៕




