ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វើការបញ្ជាក់ និងបំភ្លឺជូនប្រជាពលរដ្ឋជាសាធារណៈ ជុំវិញករណីឮសំឡេងផ្ទុះគ្រាប់ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ អំឡុងពេលដែលឯកឧត្តម និងក្រុមការងារកំពុងដឹកនាំក្រុមបច្ចេកទេស ចុះប្រតិបត្តិការបើកផ្លូវទឹក ដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឱ្យដឹងថា សំឡេងផ្ទុះដែលប្រជាពលរដ្ឋបានឮនោះ គឺកើតឡើងនៅលើទឹកដីនៃប្រទេសថៃ ដែលតាមព័ត៌មានទទួលបានពីភាគីថៃ គឺជាការដុតកម្ទេចចោលនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចាស់ៗ នៅម្ដុំតំបន់ «ខៅអីដាង» ក្នុងទឹកដីថៃ ជិតព្រំដែនកម្ពុជា។

ទាក់ទិននឹងករណីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាតំបន់អមព្រំដែនទាំងអស់ សូមកុំឱ្យមានការព្រួយបារម្ភ ឬជ្រួលច្របល់ឡើយ ព្រោះករណីនេះមិនមានផលប៉ះពាល់ ឬគ្រោះថ្នាក់ណាមួយមកលើទឹកដី និងប្រជាពលរដ្ឋកម្ពុជាយើងនោះទេ។

ជាមួយគ្នានេះដែរ ប្រតិបត្តិការដឹកនាំក្រុមបច្ចេកទេសកាយ និងស្តារប្រឡាយបើកផ្លូវទឹករំដោះជំនន់ទឹកភ្លៀង នៅតែបន្តដំណើការយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរំដោះទឹកចេញឱ្យបានឆាប់រហ័ស តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងដើម្បីសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។

រាយការណ៍ព័ត៌មានដោយ៖ ស៊ីឡូយ

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed