(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះអន្តរាគមន៍ចាប់បានសត្វក្រពើដ៏ធំមួយក្បាល ប្រកបដោយសុវត្ថិភាព ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ការប្រទះឃើញសត្វក្រពើដ៏គួរឱ្យភ័យខ្លាចនេះ បានកើតឡើងនៅក្នុងអំឡុងពេលដែលជំនន់ទឹកភ្លៀងកំពុងតែបន្តលិចលង់យ៉ាងខ្លាំងនៅក្នុងតំបន់ ដោយសារតែលំហូរទឹកយ៉ាងគំហុកហូរធ្លាក់មកពីប្រទេសថៃ។
ក្រោយបញ្ចប់ប្រតិបត្តិការចាប់សត្វក្រពើដោយជោគជ័យ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ បានរៀបចំដឹកជញ្ជូនសត្វក្រពើនោះ យកទៅរក្សាទុកនៅទីតាំងប្រកបដោយសុវត្ថិភាពជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីជំនាញ។ ការចុះអន្តរាគមន៍ទាន់ពេលវេលារបស់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវបានគេមើលឃើញថា បានជួយកាត់បន្ថយហានិភ័យយ៉ាងច្រើន និងធានាបាននូវសុវត្ថិភាពផ្លូវចិត្ត និងអាយុជីវិតជូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។
ទន្ទឹមនឹងហេតុការណ៍នេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ ជាពិសេស អាជ្ញាធរបានរំលឹក និងក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់ ត្រូវហាមឃាត់ និងតាមដានកូនតូចៗមិនឱ្យចុះលេងទឹកជាដាច់ខាត។




