ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបន្តដឹកនាំកម្លាំងយោធិននៃកងពលតូចថ្មើរជើងលេខ៥១ យ៉ាងសកម្ម ចុះសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងកិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ កម្លាំងអន្តរាគមន៍ចម្រុះបានចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីជួយដឹកជញ្ជូនសម្ភារៈ ឥវ៉ាន់ប្រើប្រាស់ សត្វពាហនៈ និងជម្លៀសចាស់ជរា កុមារ ព្រមទាំងប្រជាពលរដ្ឋចេញពីតំបន់លិចទឹកខ្លាំង ទៅកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំទុក។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ផ្អែកលើស្មារតី “កងទ័ពកើតចេញពីប្រជារាស្ត្រ បម្រើប្រជារាស្ត្រ និងនៅក្បែរប្រជារាស្ត្រគ្រប់កាលៈទេសៈ” កងកម្លាំងអន្តរាគមន៍ទាំងអស់បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចទាំងកម្លាំងមនុស្ស និងមធ្យោបាយ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះស្ថានភាពអាសន្នផ្សេងៗ។
ទន្ទឹមនឹងនេះ លោកមេបញ្ជាការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងតំបន់ប្រឈម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ព្រមទាំងត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ ហើយក្នុងករណីមានហេតុការណ៍បន្ទាន់ ត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរ ឬកងកម្លាំងដែលមានវត្តមាននៅជិតបំផុតដើម្បីទទួលបានជំនួយភ្លាមៗ៕






