(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «ការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត» ជូនដល់ប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទ អគារ «គ» នៃសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អង្គប្រជុំបានផ្តោតការពិភាក្សា និងដាក់ចេញនូវវិធានការគន្លឹះៗ ក្នុងការសម្របសម្រួល និងពន្លឿនការផ្តល់សេវាអត្តសញ្ញាណកម្ម ឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឯកសារផ្លូវការត្រឹមត្រូវសម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅ ប្រកបការងារ ឬការទទួលសេវាសាធារណៈផ្សេងៗ។

ការជំរុញការងារនេះ គឺជាការស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយភាពស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed