(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមាត្រាច្បាប់មួយចំនួន ដែលគ្រោងនឹងធ្វើវិសោធនកម្ម ដើម្បីឱ្យស្របទៅតាមការរីកចម្រើន និងសភាវការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងអង្គប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានខិតខំពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងម៉ត់ចត់លើខ្លឹមសារនៃមាត្រាច្បាប់នីមួយៗ សំដៅកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នា ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពចំពោះការងារគ្រប់គ្រងអត្តសញ្ញាណកម្ម និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានទំនុកចិត្តខ្ពស់។

ការពិនិត្យធ្វើវិសោធនកម្មច្បាប់នាពេលនេះ គឺជាជំហានមួយយ៉ាងសំខាន់ក្នុងការកែទម្រង់ និងពង្រឹងក្របខ័ណ្ឌគតិយុត្តរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថល៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed