(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបុណ្យកាន់បិណ្ឌវេនទី៦ ស្ថិតនៅវត្តមង្គលមានលក្ខណ៍ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីបែបសាសនានេះ ទទួលបានការនិមន្តចូលរួមពី ព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះគ្រូអនុគណស្រុកត្រាំកក់ គណមហានិកាយ, ព្រះគ្រូវដ្ថកធីរាចារ្យ ភួង សុវណ្ណដេត ព្រះអនុគណស្រុកត្រាំកក់ គណធម្មយុត្តិនិកាយ ព្រមទាំងព្រះមន្ត្រីសង្ឃស្រុកយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទួន ស៊ីផាន់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ ថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៥ គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ លោកអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបចំនួន ២៦៩អង្គ/នាក់។

នៅក្នុងឱកាសដ៏សប្បុរសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានវេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ បែងចែកជូនដល់ព្រះសង្ឃដែលគង់នៅតាមវត្តអារាមទាំង ៧៧វត្ត ទូទាំងស្រុកត្រាំកក់។ ក្នុងនោះ វត្តនីមួយៗទទួលបាន៖

  • សាដក ១កញ្ចប់

  • អង្ករ ៥០គីឡូក្រាម

  • ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, មីជាតិ ២កេស

  • ទឹកត្រី ១កេស, ទឹកស៊ីអ៊ីវ ២យួរ, ទឹកផ្លែឈើ ១កេស, ត្រីខកំប៉ុង ២យួរ

  • ព្រមទាំងបច្ច័យចំនួន ៦០០,០០០ រៀល

ការប្រគេនទេយ្យទាន និងបច្ច័យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកស្ទួយ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងជួយសម្រួលដល់ការប្រតិបត្តិធម៌វិន័យ និងសកម្មភាពមនុស្សធម៌នៅតាមទីវត្តអារាមនានាក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានចែកជូននូវថវិកាបន្តិចបន្តួចជាទឹកចិត្តដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលបានចូលរួមចំនួន ១០៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០,០៣០ រៀល ផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងក្រុមការងារ បានសម្តែងនូវសេចក្តីអនុមោទនាបុណ្យ និងបានបួងសួងជូនពរជ័យ សិរីសួស្តី សុភមង្គល សុខភាពល្អបរិបូរណ៍ និងសេចក្តីចម្រើនរុងរឿង ជូនដល់បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed