បុរស​ម្នាក់ មិន​ដឹង​មាន​វិបត្តិ​អ្វី​នោះ​ទេ ខណៈ​ផឹកស៊ី​ជាមួយ​បងប្អូន​សុខៗ ស្រាប់តែ​ប្រាប់​ថា​ទៅ​ទិញ​ស្រា​បៀរ​មួយ​ភ្លែត តែ​បែរជា​លោតទឹក​បញ្ចប់​ជីវិត​នៅ​លើ​ស្ពាន​ច្បារអំពៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ៧៖៣០នាទី​យប់ ថ្ងៃ​០៧ ខែ​កញ្ញា ឆ្នាំ២០២៥ នៅចំណុច​លើ​ស្ពាន​មុនី​វង្ស​ថ្មី សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ។

ជនរងគ្រោះ​ដែល​លោតទឹក​ឈ្មោះ ពុំ ពេជ្រ ភេទ​ប្រុស អាយុ ២៧ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ផ្លូវ​វេង​ស្រេង សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង។

តាម​ការ​រៀបរាប់​របស់​សាច់ញាតិ​ជនរងគ្រោះ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជនរងគ្រោះ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​បងប្អូន​នៅ​ម្តុំ​បឹង​តា​ម៉ា​ត ខណ្ឌ​ដង្កោ។ លុះ​ពេល​ផឹក​សុខៗ ជនរងគ្រោះ​បាន​ប្រាប់​ថា​ទៅ​ទិញ​ស្រា​បៀរ និង​សុំ​លុយ​បងប្អូន ​០៥ពាន់​រៀល ​ទុក​ចាក់​សាំង​ទៅផ្ទះ​វិញ​ផង​ដែរ។

ប្រភព​ដដែល ​បាន​បន្ត​ទៀត​ថា លុះ​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញ​ទៅ ហើយ​បងប្អូន​ចាំ​បាត់ៗ ក៏​ទូរសព្ទ​ទៅ​សួរ ស្រាប់តែ​ប្រជាពលរដ្ឋ​ជា​អ្នក​លើក​ទូរសព្ទប្រាប់ថា ​ជនរងគ្រោះ​បាន​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ច្បារអំពៅ ដោយ​បន្សល់ទុក​ម៉ូតូ​ហុងដា​ឌ្រី​ម ពាក់​ផ្លាក​លេខ ព្រៃវែង ​1K-3207 និង​ទូរសព្ទ​ដៃ​ ០១គ្រឿង​ នៅ​លើ​ស្ពាន ហើយ​ក៏​នាំ​គ្នីគ្នា​មក​មើល​ពិត​ជា​ម៉ូតូ​របស់​សាច់ញាតិ​គាត់​មែន។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​សម្រេច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ និង​ហៅ​សាច់ញាតិ​ទៅ​បំភ្លឺ​ផង​ដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed