(កំពង់ធំ) ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាម៉ោង ២៖៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។
ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្តចំនួន ០៣គ្រឿង រួមមាន៖ រថយន្ត FUSU ចំណុះ ០៥តោន ផ្ទុកលៀសចំនួន ១៥តោន, រថយន្តកូរ៉េចំណុះ ០៥តោន ផ្ទុកលៀសចំនួន ១០តោន, រថយន្តកែឆ្នៃ ផ្ទុកលៀសចំនួន ០៥តោន និងអ្នកបើកបររថយន្តចំនួន ០៣នាក់ បញ្ជូនទៅមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកលៀសដែលឃាត់បានប្រគល់ជូនមន្រ្តីជំនាញ និងកងទ័ព បានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកងទ័ពជាប់ដៃការពារបូរណៈភាពទឹកដី ពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី តែដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិ លើផ្ទៃបឹងទន្លេសាប ដោយបន្តបង្រ្កាបបទលើ្មសផ្សេងៗ ដូចជា ឆក់ក្តៅ ត្រជាក់ ដាក់របាំងស្បៃ លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃ ដោយពុំមានការលើកលែង និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆាជាតិ ក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែក និងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ៕











