(ស្វាយរៀង)៖ ជនសង្ស័យ ០៦នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្វាយទាប សហការណ៍ជាមួយសមត្ថកិច្ចក្រុងបាវិត ឃាត់ខ្លួនជនពាក់ព័ន្ធទទួលផលចោរកម្មគ្រឿងញៀន និងមុខសញ្ញាប្លន់សកម្មក្នុងទឹកដីស្រុកស្វាយទាប។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំរដោយលោកវរសេនីយ៍ទោ វ៉ា សំណាង អធិការរងទទួលការងារព្រហ្មទណ្ឌស្រុកស្វាយទាប សហការណ៍ជាមួយសមត្ថកិច្ចជំនាញក្រុងបាវិត នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និងរក្សាទុកប្រើប្រាស់សារធាតុញៀន។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ នៅចំណុចចផ្ទះជួល ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យទាំង ០៦នាក់ ឈ្មោះ យ៉ុង ឌីណា (ម្ចាស់ផ្ទះ), ឈ្មោះ វង់ សាវិន, ឈ្មោះហៀង ឆ្នៃ រស់នៅភូមិបាវិតលើ, ឈ្មោះ ញឹម ចន្ថន រស់នៅភូមិម៉ែក្រអៀក ឃុំកណ្ដុរដុំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ឈ្មោះម៉ៅ ធារ៉ា រស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឈ្មោះ ចាន់ ពៅ រស់នៅភូមិតាពៅ សង្កាត់បាវិត ហើយបានឆែកឆេររកឃើញមានក្រាមព៌ណសថ្លា និងម្សៅព៌ណស សង្ស័យថ្នាំញៀនចំនួន ០៨កញ្ចប់ ថ្នាំគ្រាប់ព៌ណលឿង សង្ស័យថ្នាំញៀនចំនួន ៤២គ្រាប់, ដាវច្នៃចំនួន ០៤ដើម, កាំបិតផ្គាក់ ០១ដើម, កណ្ដៀវ ០១ដើម, កាំភ្លើងស្នប់បាញ់ ០១ដើម, ដែកថែប ០២ដើម (ត្រៀមកែច្នៃធ្វើដាវ) ជំពាមកៅស៊ូ ០១ និងគ្រាប់ខ្លីដែកដែកឆាប ០១ដើម, កាំបិតចិតបន្លែ ០២ដើម, ពូថៅ ០១ និងញញួរ ០១, ម៉ូតូចំនួន ០៦គ្រឿង និងសម្ភារដែលពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញស្រុកស្វាយទាប បានបញ្ចូនជនសង្ស័យរួមទាំង ០៦នាក់ និងវត្ថុតាងប្រគល់ជូនឱ្យទៅកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕