ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា បុគ្គលឈ្មោះ ហ៊ន និងក្រុមបក្ខពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងយ៉ាងដូច្នេះ៖ «បុគ្គលឈ្មោះ ហ៊ននេះ ជាច្រើនលើកច្រើនសារតែងបង្ករបញ្ហាប៉ះពាល់ខ្ញុំ ប៉ុន្តែខ្ញុំក៏នៅលើកលែងអភ័យឱ្យ។ យ៉ាងណាក៏ដោយ ម្សិលមិញនេះ ដោយសារគាត់ និងក្រុមបក្សពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ»។

លោកបានឱ្យដឹងថា លោក និងមន្ត្រីរបស់លោកជាង​១០០នាក់ បូករួមជាមួយមន្ត្រីមកពីនាយកដ្ឋានប្រឆាំងភេរវកម្មអគ្គស្នងការជាច្រើនរូប បានខិតខំស៊ើបអង្កេតស្រាវជ្រាវបទល្មើសនេះជាង២សប្តាហ៍មកហើយ ខិតខំរក្សាការសម្ងាត់ខ្ពស់បំផុត ប៉ុន្តែបុគ្គលឈ្មោះ ហ៊ន និងបក្សពួក ដើម្បីតែ Views និង Comments ធ្វើឱ្យកិច្ចការរបស់ខ្ញុំបរាជ័យ។

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ចាក់ថា ២ ឬ ៣ថ្ងៃទៀត លោកនឹងបង្ហាញជូនបទល្មើសដែលលោក និងមន្ត្រីនគរបាលបានធ្វើ តើមានផលប្រយោជន៍ធំធេងបែបណាដល់ពលរដ្ឋខ្មែរ? លោកតាមដានមើលក្នុង Comments មានពលរដ្ឋខ្មែរជាច្រើនសរសេរជេរនគរបាល។ សំណួរចុងក្រោយចង់ចោទថា តើលោកគួរលើកលែងឱ្យបុគ្គលឈ្មោះ ហ៊ន នេះ បន្តឬយ៉ាងណា?


Leave a Reply

Your email address will not be published. Required fields are marked *

You missed