(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាអង្គក្ដី ស្រុកសំរោង ដើម្បីវាស់ស្ទង់សមត្ថភាព និងពង្រឹងគុណភាពអប់រំក្នុងវិស័យពុទ្ធចក្រ។
ពិធីបើកស្រោមវិញ្ញាសានេះ ប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពរបស់ ព្រះឧបាលិវង្ស កែវ សាវ៉ន ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះមេគណខេត្តតាកែវ និងលោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដោយមានការចូលរួមពីតំណាងក្រសួងធម្មការ និងសាសនា អាជ្ញាធរស្រុក និងលោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត។
បើតាមរបាយការណ៍របស់លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ ទូទាំងខេត្តតាកែវ មានបេក្ខសមណៈ បេក្ខជនដាក់ពាក្យប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សរុប ១៨៤អង្គ/នាក់ ស្មើនឹង ០៨បន្ទប់ បើប្រៀបធៀបនឹងឆ្នាំសិក្សា២០២៤-២០២៥កន្លងទៅនេះ បេក្ខសមណៈ បេក្ខជនដាក់ពាក្យប្រឡងមានការថយចុះចំនួន ៤៥អង្គនាក់ ស្មើនឹង១៩.៦៥ភាគរយ៕

